អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា កងទ័ពថៃបានចាប់ផ្ដើមបើកការវាយហារនៅម៉ោងជាង១១ រហូតដល់ម៉ោងជាង១២ថ្ងៃត្រង់ មកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា និងបានធ្វើឱ្យខូចខាតសំណង់មួយចំនួន ប៉ុន្តែមិនបានបញ្ជាក់ថា មានកងទ័ពរបួសឬស្លាប់នោះទេ។
បណ្ដាញសារព័ត៌មានថៃបានចុះផ្សាយដោយដកស្រង់សេចក្ដីប្រកាសរបស់កងទ័ពថៃថា កងទ័ពកម្ពុជាជាអ្នកប្រើកាំភ្លើងធុនស្រាល និងគប់គ្រាប់បែកចូលក្នុងទឹកដីថៃ ទើបធ្វើឱ្យកងកម្លាំងថៃបានបាញ់តបតវិញ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា កងទ័ពកម្ពុជាបានប្រកាន់យកគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ចាប់តាំងពីថ្ងៃទី២៨ ខែកក្កដាមក។ អ្នកស្រីបានបញ្ជាក់ថា ការរំលោភបទឈប់បាញ់របស់កងទ័ពថៃ បានធ្វើឱ្យស្ថានភាពកាន់តែតានតឹង និងស្មុគស្មាញ។
ជុំវិញបញ្ហានេះ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ក៏បានបង្ហោះហ្វេសប៊ុកដែរថា ដោយសារតែភាគីកម្ពុជា-ថៃ ចោទប្រកាន់គ្នាទៅវិញទៅមក រឿងអ្នកបង្កឱ្យផ្ទុះអាវុធចុងក្រោយនេះ គឺលោកបានស្នើឱ្យថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ានបណ្ដោះអាសន្ន គួរតែធ្វើវិនិច្ឆយគ្រាប់ ព្រោះកងទ័ពកម្ពុជា-ថៃប្រើប្រាស់គ្រាប់ខុសគ្នា និងត្រូវចុះពិនិត្យដល់ទីតាំងរណ្ដៅគ្រាប់ធ្នាក់ ដើម្បីកំណត់ថាតើគ្រាប់បាញ់ចេញពីទិសខាងណា។
លោក ហ៊ុន សែន បានណែនាំឱ្យកងទ័ពកម្ពុជាត្រូវរក្សាទុករណ្ដៅគ្រាប់ឱ្យបានល្អ សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យដើម្បីធ្វើវិនិច្ឆយគ្រាប់ និងពិនិត្យរណ្ដៅគ្រាប់ឱ្យបានល្អត្រឹមត្រូវ និងច្បាស់លាស់ ហើយលោកសង្ឃឹមថា ភាគីថៃគួរតែហ៊ានធ្វើដូចកម្ពុជាដែរ ដើម្បីបង្ហាញថា មាសសុទ្ធមិនខ្លាចភ្លើង។
ការបាញ់ប្រហាររបស់កងទ័ពថៃមកលើទីតាំងឈរជើងកងទ័ពកម្ពុជានៅថ្ងៃទី២៧ ខែកញ្ញា បានកើតឡើងក្រោយពីរថ្ងៃ បន្ទាប់ពីកងទ័ពថៃបានបាញ់កាំភ្លើងធុនស្រាលក្នុងដីរបស់ខ្លួនកាលពីថ្ងៃទី២៥ ខែកញ្ញា ចាប់តាំងពីម៉ោង២ទាបភ្លឺ រហូតដល់ម៉ោង៥ល្ងាច ក្នុងចេតនាព្យាយាមបង្កហេតុ ដើម្បីកុំឱ្យកងទ័ពកម្ពុជាអត់ធ្មត់តទៅទៀត។
ការព្យាយាមបង្កហេតុឱ្យកងទ័ពកម្ពុជាផ្ទុះអាវុធនេះ បានកើតឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់ទៅមេដឹកនាំអង្គការសហប្រជាជាតិ អាមេរិក ចិន បារាំង និងប្រធានអាស៊ានថា កងទ័ពថៃត្រៀមបើកការវាយលុកឈ្លានពានយកទឹកដីកម្ពុជា១៧ទីតាំងផ្សេងទៀត ចាប់ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។